ពិធីប្រគល់ថវិកាសប្បុរសជន ជូនព្រឹទ្ធសិល្បករ នូ ស៊ិប
សាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំកម្មវិធីសប្បុរសធម៌
និងប្រគល់ថវិកាសប្បុរសជន ជូនដល់ព្រឹទ្ធសិល្បករ នូ ស៊ិប
នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ សាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំកម្មវិធីសប្បុរសធម៌ និងប្រគល់ថវិកាសប្បុរសជន ជូនដល់ព្រឹទ្ធសិល្បករ នូ ស៊ិប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សាស្រ្តាចារ្យ ឯក មនោសែន សាកលវិទ្យាធិការ និងមាន សប្បុរសជន សាធារណជន និស្សិត បុគ្គលិក សាស្រ្តាចារ្យ ចូលរួមប្រមាណជាង៥០០នាក់។ បើតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត សាកលវិទ្យាធិការ ការរៀបចំកម្មវិធីនេះមានគោលបំណងសំខាន់ៗ៖
១.ដើម្បីគោរព ផ្តល់តម្លៃ ផ្តល់កិត្តិយល និងលើកកម្ពស់ស្នាដៃព្រឹទ្ធសិល្បករខ្មែរ លោក នូ ស៊ិប ដែលមានប្រវត្តិល្អជារៀងរហូតមក បម្រើក្នុងវិស័យសិល្បៈជាតិ។
២. លើកទឹកចិត្តសាធារណជនទូទៅ ឱ្យចូលរួមថែរក្សា ការពារ មរតកសំនៀង សិល្បៈ វប្បធម៌ប្រពៃណី ដ៏មានតម្លៃរបស់ខ្មែរ និងលើកទឹកចិត្តដល់ព្រឹទ្ធសិល្បករ ដែលមានស្នាដៃល្អ។
៣. បញ្ជាក់ពីសន្តានចិត្ត ការស្រឡាញ់ ស្រណោះអាណិត និងទឹកចិត្តសប្បុរស ជួយដោះស្រាយបញ្ហាលំបាកក្នុងជីវភាពចាស់ជរា របស់លោក នូ ស៊ិប ខណៈពេលដែលកត្តាសុខភាព មិនអាចឱ្យលោកប្រកបអាជីពចិញ្ចឹមជីវិតបាន។ នេះជាការឆ្លើយតបទៅនឹង គុណូបការៈ និងស្នាដៃរបស់លោក ដែលបានបម្រើក្នុងវិស័យ សិល្បៈ និងអារម្មណ៍ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ជាច្រើនទស្សវត្សរ៍កន្លងមក។
៤. ដើម្បីទាញការចាប់អារម្មណ៍ពីសប្បុរសជនទូទៅ ឱ្យបាននិកឃើញដល់ស្នាដៃ និងទេពកោសល្យដ៏កម្រ របស់ព្រឹទ្ធសិល្បករដ៏ល្បី និងបន្តចូលរួមចំណែក ឧត្ថម្ភជាថវិកា និងសម្ភារៈ ជួយដល់ជីវភាពនិងជីវិតចុងក្រោយរបស់លោក ឱ្យបានសមរម្យ សក្តិសមជាព្រឹទ្ធសិល្បករម្នាក់។
៥.សកម្មភាពទាំងនេះជាកាយវិការ លើកកម្ពស់ ឱ្យតម្លៃ វិស័យសិល្បៈដែលជាព្រលឹងជាតិ និងជាការលើកទឹកចិត្តដល់សិល្បករដទៃទៀតផងដែរ។
នៅក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់សាធារណៈជនទូទៅ សិល្បករខ្មែរទាំងអស់ ស្ថាបប័ន អង្គភាព និងសប្បុរសជននានា មេត្តាបន្តជួយដល់ លោក នូ ស៊ិប និងព្រឹទ្ធសិល្បករផ្សេងទៀត ដែលជួបប្រទះការលំបាក ព្រមទាំងបានជំរុញលើកទឹកចិត្ត បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស ក៏ដូចជាសាធារណជនទូទៅ ឱ្យចូលរួម លើកម្ពស់ ថែរក្សា ការពារ និងអភិរក្ស កេរ្តិ៍មរតក សម្បត្តិវប្បធម៌ជាតិខ្មែរ គ្រប់ប្រភេទ ឱ្យបាន គង់វង្ស រក្សាបាននូវកិត្យានុភាពជាតិតរៀងទៅ។
ជាសរុប ថវិកាដែលអំពាវនាវបានពីសប្បុរសជន សម្រាប់ប្រគល់ជូន ព្រឹទ្ធសិល្បករ នូ ស៊ិប នាពេលនេះ ចំនួន ៥,៧៨៨.០២ ដុល្លាអាមេរិក។



បញ្ចេញមតិយោបល