ការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

កាលព្រឹកថ្ងៃពុធ ០៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៨ នៅសាកលវិទ្យាល័យធនធានមនុស្ស មានរៀបចំ សិក្ខាសាលាស្តីពី ការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សហការរៀបចំដោយ សាកលវិទ្យាល័យធនធានមនុស្ស និងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដែលមានសាស្រ្តាចារ្យ និងនិស្សិតចូលរួមប្រមាណ១៥០នាក់។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងផ្តល់ចំណេះដឹង ដល់ប្អូនៗនិស្សិត នៃសាកលវិទ្យាល័យធនធានមនុស្ស អំពីច្បាប់ចរាចរណ៍ផ្លូវគោក សិទ្ធអាទិភាពត្រង់ផ្លូវប្រសព្វ ស្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍សំខាន់ៗ ដែលទាំងនេះជាមូលដ្ឋានចំណេះដឹងដ៏ចាំបាច់ ដើម្បី បញ្ជៀស បង្កា ទុបស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ក៏ដូចជាមូលដ្ឋានចំណេះដឹងសម្រាប់អនុវត្តនិង គោរពច្បាប់ចរាចរណ៍ផងដែរ។  ការរៀបចំសិក្ខាសាលានេះឡើង បានឆ្លុះបញ្ចាំងពីឆន្ទៈ និងស្មារតីសហការ របស់សាកលវិទ្យាល័យធនធានមនុស្ស ជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក  ដើម្បីរួមចំណែកក្នុងការអប់រំផ្សព្វផ្សាយការយល់ដឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការជម្រុញឱ្យគោរពនិងអនុវត្តច្បាប់ចរាចរណ៍ របស់និស្សិតក៏ដូចជាប្រជាពលរដ្ឋទូទៅ ដើម្បីទុបស្កាត់ និងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យទទួលបានភាពសុខសាន្តនៃសង្គមជាតិយើង ជាពិសេសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់គណៈគ្រប់គ្រងសាកលវិទ្យាល័យធនធានមនុស្ស ដែលតែងតែគិតគួពីសុខទុក្ខ របស់និស្សិតគ្រប់ៗរូប ដែលមកពីគ្រប់ខេត្តក្រុង មកសិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស។

បន្ទាប់ពីលោក សេន ជាតិវិសុទ្ធ អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោក កុសល សម្បត្ត អនុប្រធានការិយាល័យអប់រំផ្សព្វផ្សាយ បានធ្វើបទបង្ហាញពី ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពិសេសពីមាត្រា សំខាន់ៗនៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក  សិទ្ធអាទិភាពត្រង់ផ្លូវប្រសព្វ ស្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍សំខាន់ៗ ព្រមទាំងចំណេះដឹងទាំងឡាយ ពាក់ព័ន្ធនឹងចរាចរណ៍ផ្លូវគោកយ៉ាងក្បោះក្បាយរួចមក និស្សិតនិងសិក្ខាកាមទាំងអស់ បានលើកជាសំណួរ ដែលពាក់ព័ន្ធនឹងប្រធានបទយ៉ាងផុសផុល។ តាមរយៈសិក្ខាសាលានេះ គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ ធនធានមនុស្ស សង្ឃឹមយ៉ាងមុតមាំថា ប្អូនៗនិស្សិតនឹងយល់ដឹងទូលំទូលាយ ហើយចូលរួមក្នុងការគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យមានប្រសិទ្ធភាព ដើម្បីភាពសុខសាន្ត និងអាយុជីវិត របស់ខ្លួនឯងផង និងសម្រាប់អ្នកដទៃផង ពិសេសចូលរួមក្នុងការផ្សព្វផ្សាយអប់រំបន្ត ដល់មិត្តភក្តិ បងប្អូន និងអ្នកជិតខាង ដើម្បីយល់ដឹង និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

គណៈគ្រប់គ្រងសាកលវិទ្យាល័យធនធានមនុស្ស សូមថ្លែងអំណរគុណចំពោះ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដែលសហការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។ សូមគោរពជូនពរជនរួមជាតិទាំងអស់សូមទទួលបានសុខសុវត្ថិភាពក្នុងការធ្វើដំណើរឆ្ងាយជិត និងសូមឱ្យថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។

Leave a Reply

avatar
  Subscribe[:km]សាប់ស្រ្កៃ  
Notify of[:km]ជូនដំណឹងអំពី