In This Section

ព៍ត៌មាន និង ព្រិត្តិការណ៍ផ្សេងៗ

ពិធីចុះអនុស្សរណៈយោគយល់ រវាងសាកលវិទ្យាល័យធនធានមនុស្ស និងគណៈកម្មការមូលបត្រកម្ពុជា និងសិក្ខាសាលាស្តីពី “ ផ្សារមូលបត្រ អាជីវកម្មមូលបត្រ និងការពង្រឹងការអនុវត្តច្បាប់ ”

Print E-mail
Saturday, 25 November 2017 16:33

ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង​៧:៣០នាទីព្រឹក នៅសាលសន្និសិទនៃសាកលវិទ្យាល័យ ធនធានមនុស្ស បានរៀបចំពិធីចុះអនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យធនធានមនុស្ស និង គណៈកម្មការមូលបត្រកម្ពុជានិងបន្តដោយសិក្ខាសាលាស្តីពី “ ផ្សារមូលបត្រ អាជីវកម្មមូលបត្រ និងការពង្រឹង ការអនុវត្តច្បាប់” ក្រោមអធិបតីភាព ឯកឧត្តមមណ្ឌិតឯក មនោសែន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យធនធានមនុស្ស និងឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក នៃគណៈកម្មការមូលបត្រកម្ពុជា ដោយមានសិក្ខាកាម ដែលជានិស្សិត មន្រ្តី-បុគ្គលិក សាស្រ្តាចារ្យ ព្រមទាំងមន្រ្តីនគរបាល នៃអគ្គស្នងការនគរបាលជាតិ ចូលរួម សរុបប្រមាណ ៥០០នាក់ ។

ការរៀបចំកម្មពិធីនេះឡើងក្នុងគោលដៅពីររួមគ្នាគឺ៖

១.ដើម្បីបង្កើតដៃគូកិច្ចសហការរវាងគណៈកម្មការមូលបត្រកម្ពុជានិងសាកលវិទ្យាល័យ​ធនធានមនុស្ស លើការលើកកម្ពស់បង្កើនការយល់ដឹងដល់និស្សិតពាក់ព័ន្ធនឹងវិស័យមូលបត្រនិងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យ មូលបត្រព្រមទាំងចូលរួមអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជាដែលជាដំណើររបត់ថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការចុះអនុស្សរណៈយោគយល់ដ៏មានសារៈសំខាន់នាពេលនេះ។

២.ដើម្បីជាការអនុវត្តនូវកិច្ចព្រមព្រៀងនៃអនុស្សរណៈយោគយល់នេះស្ថាបនទាំងពីរបានសហការរៀបចំ សិក្ខាសាលាស្តីពី “ផ្សារមូលបត្រ អាជីវកម្មមូលបត្រ និងការពង្រឹងការអនុវត្តច្បាប់” ក្នុងគោលបំណងសំខាន់ៗ រួមមាន៖

-ពង្រីកការយល់ដឹងនិងចែករំលែកបទពិសោធន៍ដល់និស្សិតអំពីចំណេះដឹងថ្មីៗ ពាក់ព័ន្ធនឹងផ្សារ មូលបត្រ អាជីវកម្មមូលបត្រ និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យអាជីវកម្មមូលបត្រនៅកម្ពុជា

- ដើម្បីផ្សារភ្ជាប់ការសិក្សាទ្រឹស្តីក្នុងថ្នាក់ទៅនឹងការអនុវត្តនិងបទពិសោធន៍ជាក់ស្តែង តាមរយៈ ការជជែកដេញដោលផ្ទាល់ជាមួយ និងការផ្តល់បទពិសោធន៍ព្រមទាំងអនុសាសន៍ដ៏ស៊ីជំរៅ ពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃគណៈកម្មការមូលបត្រកម្ពុជាដែលបង្កលក្ខណៈឲ្យនិស្សិតមានឱកាសបានស្វែងយល់ពង្រីក

ចំណេះដឹងអំពីអាជីកម្មមូលបត្រផង និងអាចមានសមត្ថភាពប្រលូកចូលក្នុងសកម្មភាពអាជីកម្មមូលបត្រនា ពេលខាងមុខ ។

- កសាងមូលដ្ឋានគ្រឹះចំណេះដឹង និងសមត្ថភាពជំនាញយ៉ាងរឹងមាំដល់និស្សិតផ្នែកធុរកិច្ច ឆ្លើយ តបទៅនឹងបច្ចុប្បន្នភាពនៃតម្រូវការទីផ្សារការងារនិងការអភិវឌ្ឍសង្គមជាតិ ។

-និងជាផ្នែកមួយបង្កលក្ខណៈឲ្យនិស្សិតក្នុងការស្វែងរកកន្លែងហាត់ការចុះកម្មសិក្សានិងទទួលឱកាស ការងារនៅតាមបណ្តាក្រុមហ៊ុនឬស្ថាបនដែលពាក់ព័ន្ធនឹងវិស័យមូលបត្រ ។

ទាំងនេះជាយុទ្ធសាស្រ្តដែលសាកលវិទ្យាល័យធនធានមនុស្សតែងតែធ្វើជាញឹកញាប់ដើម្បីពង្រឹង និង ពង្រីកការយល់ដឹង លើសមត្ថភាពជំនាញរបស់និស្សិត។ សិក្ខាសាលាថ្ងៃនេះបានធ្វើឲ្យ និស្សិតផ្នែកធុរកិច្ចបាន យល់ច្បាស់អំពីតួនាទីរបស់គណៈកម្មការមូលបត្រកម្ពុជាច្បាប់និងបទបញ្ញត្តិក្នុងវិស័យមូលបត្រនិយ័តករ និង តួអង្គសំខាន់ៗ​ក្នុងវិស័យមូលបត្រអ្វីទៅជាមូលបត្រ? ផលប្រយោជន៍ទទួលបានពីការស្វែងរកធនធានបន្ថែម តាមរយៈ ទីផ្សារមូលបត្រ​តើត្រូវមានលក្ខខណ្ឌបែបណាខ្លះក្នុងការបោះផ្សាយលក់មូលបត្រ? តើមាននីតិវិធី អ្វីខ្លះ ដើម្បីក្រុមហ៊ុនអាចបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈបាន? យល់ពីការជួញដូរមូលបត្រ នៅទីផ្សារមូលបត្រ និងនីតិវិធីក្នុងការក្លាយខ្លួនជាវិនិយោគិនយល់ពីការធ្វើអាជីវកម្មលើគម្រោងវិនិយោគរួម និងអាជីវកម្មលើឧបករណ៍និស្សន្ទ និងយល់ពីកិច្ចការពារវិនិយោគិននិងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យ មូលបត្រដែលចំណេះដឹងទាំងនេះពិតជាមានសារៈសំខាន់និងមានតម្លៃដ៏វិសេសវិសាលសម្រាប់និស្សិតផ្នែកធុរកិច្ចនិងសម្រាប់កិច្ចការអាជីវកម្ម ។

នៅក្នុងអង្គសិក្ខាសាលានេះក៏មានមន្រ្តីនៃអគ្គស្នងការនគរបាលជាតិអញ្ជើញចូលរួមស្វែងយល់ដើម្បី ពង្រឹងយន្តការអនុវត្តច្បាប់ក្នុងវិស័យមួលបត្រឲ្យកាន់តែប្រសើរឡើង។ សិក្ខាកាមនិងនិស្សិតទាំងអស់ពិតជា សប្បាយរីករាយ និងត្រេកត្រអាលក្នុងការត្រង់ត្រាប់ស្តាប់ការពន្យល់របស់វាគ្មិនដ៏ជំនាញនិងបានលើកជា សំណួរព្រមទាំង បានបញ្ចេញទស្សនយោបល់ឆ្លើយឆ្លងជាមួយវាគ្មិនសំខាន់ៗទាំង៥រូបយ៉ាងផុសផុល និង ទទួលបានផ្លែផ្កាជាចំណេះដឹងនិងបទពិសោធន៍តាមគោលបំណងដែលបានគ្រោងទុកគួរជាទីមោទន ។ នេះសបញ្ជាក់ឲ្យឃើញពីសមិទ្ធផលថ្មីមួយទៀតដែលសាកលវិទ្យាល័យសម្រេចបានក្នុងបេសកកម្មបណ្តុះ បណ្តាលធនធានមនុស្សឲ្យស្របតាមផែនការយុទ្ធសាស្រ្តគោលដៅនិងចក្ខុវិស័យរួមរបស់សាកលវិទ្យាល័យធនធានមនុស្ស។

 

ពិធីប្រគល់បណ្ណសរសើរដល់និស្សិតពូកែ នៃសាកលវិទ្យាល័យធនធានមនុស្ស ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សេង ផល្លី ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យធនធាមនុស្ស

Print E-mail
Wednesday, 27 September 2017 00:00

នៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលសន្និសីទសិក្សារបស់សាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំពិធីពិធីប្រគល់បណ្ណសរសើរដល់និស្សិតពូកែ ចំនួន២២៩ អង្គ-នាក់​ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សេង ផល្លី ប្រធានក្រុមប្រឹក្សាភិបាល ។

តាមរបាយការណ៍របស់ ឯកឧត្តម បណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការ បានលើកឡើងថាសាកលវិទ្យាល័យធនធានមនុស្ស មានបទពិសោធ៍លើការបណ្តុះបណ្តាល​ចំនួន១៩ឆ្នាំ ប្រកបដោយភាពជោគជ័យ មានសាស្រ្តាចារ្យ មន្រ្តី បុគ្គលិក គ្រប់គ្រាន់ ដែលមានសញ្ញាបត្រខ្ពស់ បទពិសោធ៍ជាក់ស្តែង ច្បាស់លាស់ ហើយមានសាកលវិទ្យាល័យជាដែគូរអន្តរជាតិ ចំនួន១២៩សាកលវិទ្យាល័យ លើពិភពលោក។ និស្សិតមានមុខរបរផ្ទាល់ខ្លួន និងទទួលបានការងារធ្វើប្រកបដោយភាពជោគជ័យ នៅតាមស្ថាប័នរដ្ឋ និង​បណ្តា  ក្រុមហ៊ុន រោងចក្រ សហគ្រាស ធនាគារ សណ្ឋាគារ សង្គមស៊ីវិលនានា រហូតដល់ជាង៩៨% ​។ ជាពិសេសបច្ចុប្បន្ននេះ សាកលវិទ្យាល័យធនធានមនុស្ស មានអគារផ្ទាល់ខ្លួនចំកណ្តាលរាជធានីភ្នំពេញ មានវិសាលភាព បណ្តុះបណ្តាលនិស្សិតរហូតដល់ជិត ២ម៉ឺននាក់ រចនាសម្ព័ន្ធរូបវន្តគ្រប់គ្រាន់ស្របតាមស្តង់ដារ ប្រកបដោយផាសុកភាព និងបរិស្ថានល្អ ទាំងការិយាល័យធ្វើការ បណ្ណាល័យ សាលសន្និសិទ សហសាលសិក្សា បន្ទប់ប្រជុំ បន្ទប់ អនុវត្ត បន្ទប់សិក្សាគ្រប់ប្រភេទ បំពាក់ដោយសម្ភារបរិក្ខា ប្រព័ន្ធបច្ចេកវិជ្ជាទំនើប គ្រប់គ្រាន់ និងទាន់សម័យ។

ដើម្បីលើកទឹកចិត្តដល់និស្សិត ដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ សាកលវិទ្យាល័យ បានផ្តល់ប័ណ្ណសរសើរ ដល់និស្សិតដែលរៀនពូកែពីចំណាត់ថ្នាក់ពីលេខ១-លេខ៣ ជារៀងរាល់ឆ្នាំ និងការលើកទឹកចិត្តនានាមួយចំនួនទៀត។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត សេង ផល្លី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារដោយទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិក និងសាស្រ្តាចារ្យក្នុងការដឹកនាំ គ្រប់គ្រងសាកលវិទ្យាល័យធនធានមនុស្ស ផ្អែកតាមផែនការយុទ្ធសាស្រ្ត ធ្វើឱ្យសាកលវិទ្យាល័យរីកចម្រើនឥតឈប់ឈរ និងសូមកោតសរសើរដល់ប្អូនៗដែលខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានចំណាត់ថ្នាក់គួរជាទីមោទនៈ។

បន្ទាប់មក ឯកឧត្តមបណ្ឌិត សេង ផល្លី ក៏បានផ្ដល់អនុសាសន៍ ដល់ប្អូនៗនិស្សិតដូចខាងក្រោម៖

១.ប្អូនៗត្រូវខិតខំប្រឹងប្រែងរៀនសូត្រ គោរពវិន័យ និងស្រាវជ្រាវបន្ថែមទៀត ទាំងចំណេះដឹង ចំណេះធ្វើ សីលធម៌ និងសិល្បៈនៃការរស់នៅក្នុងសង្គម ​ដែលជាសសរស្តម្ភយ៉ាងសំខាន់ចាំបាច់សម្រាប់អនាគតរបស់ប្អូនៗ​។

២.ប្អូនៗត្រូវយកចំណេះដឹងដែលទទួលបាន ក្នុង​ពេលសិក្សា​ទៅ​គួបផ្សំជាមួយបទពិសោធន៍ ដែលទទួលបានពីការអនុវត្តការងារ រួមនឹងគំនិត​ច្នៃ​ប្រឌិតបន្ថែម ស្របតាមស្ថានភាព  និងកាលៈទេសៈ ជាក់ស្តែងនៃការងារថែមទៀត ទើបមានលក្ខណៈគ្រប់គ្រាន់សម្រាប់ជីវិត។

៣.ប្អូនៗត្រូវរៀបចំខ្លួន  ឲ្យឆ្លើយតបនឹងសេចក្តីត្រូវការនៃមុខរបរ ឬការងារតាមវិស័យ​នីមួយៗ  ទាំង  វិស័យសាធារណៈ  វិស័យឯកជន  ឬអង្គការជាតិ និងអន្តរជាតិនានា។

៤.សម្រាប់ប្អូនៗដែលកំពុងតែបំពេញការងារនៅតាមបណ្តាស្ថាប័នរដ្ឋ ស្ថាប័នឯកជននានា ប្អូនៗ ត្រូវប្រឹងប្រែងយកចិត្តទុកដាក បំពេញការងារដោយស្មោះត្រង់ និងមានការទទួលខុសត្រូវខ្ពស់ចំពោះការងារ ព្រមទាំងបំពេញការងារដោយមានគោលដៅច្បាស់លាស់។

 

ពិធីសំណេះសំណាល របស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យធានធានមនុស្ស ដើម្បីតម្រង់ទិសលើការសិក្សារបស់និស្សិត សាកលវិទ្យាល័យធនធានមនុស្ស

Print E-mail
Wednesday, 16 August 2017 08:43

កាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង​ ៥:៣០នាទី នៅសាលសន្និសិទនៃសាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំពិធីសំណេះសំណាល និងតម្រង់ទិសដៅក្នុងការសិក្សាដល់និស្សិតប្រមាណជាង៥០០នាក់ ដែលទើបចាប់ផ្តើមវគ្គសិក្សាថ្មី ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត សេង ផល្លី ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យធនធានមនុស្ស។

មានមតិសំណេះសំណាលក្នុងពិធីនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលបានបង្ហាញពីគោលបំណងនៃការជួបសំណេះសំណាលនេះថា៖

១-ដើម្បីផ្សារភ្ជាប់ការសំណេះសំណាលនេះទៅនឹងការតម្រង់ទិស និងការណែនាំ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធិភាព និងគុណភាពនៃការសិក្សារៀនសូត្រ ដែលជាមូលដ្ឋានឈានទៅរកភាពជោគជ័យក្នុងការសិក្សា ជោគជ័យក្នុងការងារ​ និងជោគជ័យសម្រាប់ជីវិតរបស់ប្អូនៗ​។

២-ដើម្បីបង្ហាញពីការរីកចម្រើននិងសក្តានុពលនៃការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យ កសាងទំនុកចិត្តនិងភាពនឹងនរបស់ប្អូនៗនិស្សិតក្នុងការសិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស

៣-ដើម្បីដោះស្រាយសំណូមពរនានារបស់និស្សិត។

៤-និងបញ្ហាផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការសិក្សារបស់និស្សិត។

នៅក្នុងពិធីដ៏មានសារៈសំខាន់នេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានចែករំលែកនូវបទពិសោធន៍ដ៏មានអត្ថន័យសម្រាប់និស្សិតពិចារណា ពាក់ព័ន្ធនឹងប្រវត្តិតស៊ូយ៉ាងស្វិតស្វាញនិងល្វីងជូរចត់ ក្នុងជីវិតសិក្សាជានិស្សិតរបស់ ថ្នាក់ដឹកនាំសាកលវិទ្យាល័យ និងសហការី ប្រវត្តិតស៊ូជំនះការលំបាកសព្វបែបយ៉ាងក្នុងការកសាង អភិវឌ្ឍសាកលវិទ្យាល័យធនធានមនុស្ស និង ក្នុងបេសកកម្មបណ្តុះបណ្តាលធនធានមនុស្ស រហូតធ្វើឲ្យសាកលវិទ្យាល័យធនធានមនុស្សក្លាយជាសាកលវិទ្យាល័យ មួយដ៏ល្បី មានភាពរឹងមាំ ទាំងមានធនធានសម្ភាររូបវន្ត និងបរិក្ខា ទាំងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងមានកម្មវិធីសិក្សាល្អ ដែលធានាបាននូវនិរន្តរភាពនិងគុណភាពអប់រំ និងមានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ។ ​

ការលើកឡើងពីប្រវត្តិតស៊ូជាកូនកសិករក្រីក្រ និងភាពជោគជ័យរបស់ឯកឧត្តម វាជាសារមួយ ជូនដល់ប្អូនៗនិស្សិតដែលកំពុងសិក្សា កំពុងស្វែងរកអនាគតនិងភាពជោគជ័យក្នុងជីវិតសិក្សា និងការងារ នាពេលខាងមុខថា៖ មានតែការតស៊ូប្តូរផ្តាច់ ការលះបង់ និងការតាំងចិត្ត ក្នុងការសិក្សាស្វែងរកចំណេះដឹង ដើម្បីឱកាសការងារ និងការចាប់យកឱកាសអភិវឌ្ឍខ្លួនជាប្រចាំទេ ដែលអាចធ្វើឲ្យប្អូនៗជោគជ័យក្នុងការងារពេញមួយជីវិតរបស់ខ្លួន។​ ឯកឧត្តមបានផ្តាំផ្ញើដល់និស្សិតឲ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការសិក្សារៀនសូត្រ ឲ្យក្លាយជាធនធានបញ្ញាដែលមានសមត្ថភាពពេលលេញ នោះធានាថាប្អូនៗមិនខ្វះការងារធ្វើ ជីវិតប្អូនៗនឹងរុងរឿង គ្រូសារនឹងរុងរឿងដោយសារការរៀនសូត្រ។ សូមកុំឲ្យផ្តេកផ្តួល ទៅតាមភាពក្រីក្រ ឬការលំបាកហើយបោះបង់ការសិក្សាទៅស្វែងរកការងារដើម្បីដោះស្រាយចំពោះមុខ។ បើប្អូនៗធ្វើបែបនោះប្អូនៗនិងជួបប្រទះបញ្ហាក្នុងជីវិតដោយមិនអាចកែបាន ប៉ុន្តែប្អូនៗត្រូវស្វែងរកឱកាសការងារក្នុងអំឡុង ពេលសិក្សា ដើម្បីទទួលបាននូវបទពិសោធន៍និងអាចយកមកផ្គត់ផ្គង់ការសិក្សាឲ្យចង់ចុងចប់ដើម។​ ប្អូនៗដាច់ខាតមិនត្រូវបោះបង់ការរៀនសូត្រ និងកុំដូរឈ្មោះខ្លួនជានិស្សិតបញ្ញាវន្តជាមួយនឹងឈ្មោះថាកម្មករ ពេលប្អូនបោះបង់ការសិក្សាប្អូននឹងគ្មានចំណេះដឹងហើយប្រាកដណាស់ប្អូននឹងត្រូវធ្វើការជាមួយកម្លាំងបាយ។ កត្តាជោគជ័យគឺបានមកដោយការប្រឹងប្រែងសិក្សាឲ្យពូកែ និងមានភាពនឹងនក្នុងការសិក្សា សិក្សានៅសាកលវិទ្យាល័យធនធានមនុស្សជាជម្រើសដ៏ត្រឹមត្រូវ ដោយយើងផ្តោតទៅលើគុណភាព ជាចម្បង ពេលបញ្ចប់ការសិក្សាប្អូនៗពិតជាមានការងារធ្វើ និងជោគជ័យក្នុងជីវិត។

បន្ថែមលើប្រសាសន៍របស់ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តមបណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការ សាកលវិទ្យាល័យធនធានមនុស្ស ក៏បានលើកឡើងពីសាកលវិទ្យាល័យ ដែលមានការទទួលស្គាល់គុណភាពអប់រំពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុងស្រុកនិងក្រៅស្រុក ដែលទាំងនេះដោយសារ គណៈគ្រប់គ្រងសាកលវិទ្យាល័យបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍសាកលវិទ្យាល័យលើគ្រប់វិស័យ តាមរយៈការអនុវត្តផែនការវិនិយោគឥតឈប់ឈរ ដើម្បីទាន់សភាពការណ៍នៃការវិវត្តិ និងការប្រកូតប្រជែង ទាំងក្នុងស្រុកនិងក្នុងតំបន់។​ រហូតមកដល់ពេលនេះសាកលវិទ្យាល័យធនធានមនុស្សមានអគារសិក្សាផ្ទាល់ខ្លួនកម្ពស់១២ជាន់ ស្មើនឹង៩២បន្ទប់ ដែលអាចទទួលនិស្សិតសិក្សាប្រហែល១០០០០នាក់ បំពាក់ដោយសម្ភាររូបវន្តនឹងបរិក្ខាទំនើបទាន់សម័យស្របតាមស្តង់ដារ គណៈគ្រប់គ្រងមានសមត្ថភាពចំណេះដឹង ខ្ពង់ខ្ពស់និងមានបទពិសោធន៍ច្រើនឆ្នាំលើវិស័យអប់រំ ធនធានសាស្រ្តាចារ្យមានគុណវុឌ្ឍិខ្ពស់ និងមានគរុកោសល្យច្បាសលាស់ កម្មវិធីសិក្សាត្រូវបានសម្រិតសម្រាំង ឲ្យកាន់តែឆ្លើយតបតាមតម្រូវការទីផ្សារការងារ។ ដើម្បីសម្រួលដល់ការស្វែងរកការងារធ្វើរបស់និស្សិត សាលានឹងរៀបចំកម្មវិធីឲ្យបានញឹកញាប់ សម្រាប់ជំនាញ​នីមួយៗ ដោយអញ្ជើញក្រុមហ៊ុនជាច្រើន មកផ្តល់យោបល់ពីតម្រូវការជំនាញនិងចំណេះដឹងសម្រាប់ការងារ ដើម្បីតម្រង់ទិសក្នុងការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលផង ពង្រីកការយល់ដឹងរបស់និស្សិតលើជំនាញរបស់ខ្លួនផង និងផ្សារភ្ជាប់ទំនាក់ទំនងឧស្សាហកម្មសហគ្រាសជាមួយនឹងការស្វែងរកឱកាសការងាររបស់និស្សិតផងដែរ។​

ឯកឧត្តម សាកលវិទ្យាធិការ ក៏បានណែនាំដល់និស្សិតថា ធ្វើជាមនុស្សត្រូវប្រកាន់តម្លៃជាមនុស្សជាធំ៖ ត្រូវមានការទទួលខុសត្រូវខ្ពស់ ត្រូវតស៊ូពុះពារប្តូរផ្តាច់ ត្រូវមានចរិតលក្ខណៈនៃការសម្របសម្រួលខ្ពស់ និងមានសិល្បៈនៃការដោះស្រាយបញ្ហាដោយឆ្លាតវៃ។ ប្អូនៗចង់ក្លាយជាមនុស្សពូកែត្រូវសែបកុបជាមួយ មនុស្សពូកែ សែបកុបមនុស្សអាក្រក់នឹងអាក្រក់តាមគ្នា។ រាល់បញ្ហាកើតមានចំពោះមុខត្រូវព្យាយាមដោះស្រាយ ដោយការតាំងចិត្តនិងតស៊ូ ដោយភាពឆ្លាតវៃមិនត្រូវគេចវេះបញ្ហាទេ មិនត្រូវរំជើបរំជួលនឹងនយោបាយ ប្រយ័ត្នរងគ្រោះដោយសារឥទ្ធិពលនយោបាយ និងខកឱកាសសិក្សាកសាងអនាគតរបស់ខ្លួន។  ត្រូវតាំងចិត្តជាបុគ្គលមិនខ្ជិលច្រអូស កុំឲ្យភាពខ្ជិលច្រអូសក្លាយជាទម្លាប់ ដែលនាំមកនូវភាពបរាជ័យក្នុងជីវិត ត្រូវក្រលែកមើលគំរូអ្នកមាន គេមានប្រាកដជាគេមានលក្ខណៈពិសេសអ្វីមួយ អ្នកមានមិនមែនដោយចៃដន្យទេ ប៉ុន្តែគេខំប្រឹងនិងគ្មានពេលទំនេទេ។ ឯកឧត្តមសាកលវិទ្យាធិការ ក៏បានផ្តល់ អនុសាសន៍ពាក់ព័ន្ធនឹងបញ្ហាផ្សេងៗជាច្រើនទៀត ដែលជាសារសម្រាប់ប្អូនៗ យកទៅពិចារណា ក្នុងការតម្រង់ទិសដៅនៃជីវិតសិក្សា និងអនាគតរបស់ខ្លួន។

ពិធីសំណេះសំណាលនេះពិតជាមានអត្ថន័យដ៏ធំធេងក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ ដ៏មានតម្លៃ និងជាប្រទិបបង្ហាញផ្លូវសម្រាប់ការត្រិះរិះពិចារណា និងបណ្តុះនូវឆន្ទៈស្មារតី របស់ប្អូនៗនិស្សិត ដើម្បីកែលម្អនិងអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរឡើង និងក៏ជាផ្នែកមួយក្នុងការផ្តល់ទំនុកចិត្ត ដល់ប្អូនៗនិស្សិតដែលសិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស។

ពិធីសំណេះសំណាលនេះបានបញ្ចប់ទៅនៅវេលាម៉ោង ៧:៣០នាទីយប់ ប្រកបដោយបរិយាកាស រីករាយនិងស្និទ្ធស្នាល។

 
Prev123456789Next

Mode of Study

Monday to Friday

Consists of three groups:

  • Morning
    07:30 am - 10:30 am
    English Extra Time
    10:30 am - 11:30 am
  • Afternoon
    01:00 pm - 04:00 pm
    English Extra Time
    04:00 pm - 05:00 pm
  • Evening
    05:30 pm - 08:30 pm

Saturday & Sunday

Consists of one group:

  • 07:00 am - 11:50 am  
    01:30 pm - 04:30 pm

Study Program

  • English
  • Management
  • Marketing
  • Finance and Banking
  • Hotel & Tourism Mgt.
  • Economics and Finance
  • Accounting and Finance
  • Accounting and Audition
  • Accounting and Taxation

Find out more