In This Section

Khmer

ពិធីសំណេះសំណាល របស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យធានធានមនុស្ស ដើម្បីតម្រង់ទិសលើការសិក្សារបស់និស្សិត សាកលវិទ្យាល័យធនធានមនុស្ស

Print E-mail
Wednesday, 16 August 2017 08:43

កាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង​ ៥:៣០នាទី នៅសាលសន្និសិទនៃសាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំពិធីសំណេះសំណាល និងតម្រង់ទិសដៅក្នុងការសិក្សាដល់និស្សិតប្រមាណជាង៥០០នាក់ ដែលទើបចាប់ផ្តើមវគ្គសិក្សាថ្មី ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត សេង ផល្លី ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យធនធានមនុស្ស។

មានមតិសំណេះសំណាលក្នុងពិធីនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលបានបង្ហាញពីគោលបំណងនៃការជួបសំណេះសំណាលនេះថា៖

១-ដើម្បីផ្សារភ្ជាប់ការសំណេះសំណាលនេះទៅនឹងការតម្រង់ទិស និងការណែនាំ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធិភាព និងគុណភាពនៃការសិក្សារៀនសូត្រ ដែលជាមូលដ្ឋានឈានទៅរកភាពជោគជ័យក្នុងការសិក្សា ជោគជ័យក្នុងការងារ​ និងជោគជ័យសម្រាប់ជីវិតរបស់ប្អូនៗ​។

២-ដើម្បីបង្ហាញពីការរីកចម្រើននិងសក្តានុពលនៃការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យ កសាងទំនុកចិត្តនិងភាពនឹងនរបស់ប្អូនៗនិស្សិតក្នុងការសិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស

៣-ដើម្បីដោះស្រាយសំណូមពរនានារបស់និស្សិត។

៤-និងបញ្ហាផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការសិក្សារបស់និស្សិត។

នៅក្នុងពិធីដ៏មានសារៈសំខាន់នេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានចែករំលែកនូវបទពិសោធន៍ដ៏មានអត្ថន័យសម្រាប់និស្សិតពិចារណា ពាក់ព័ន្ធនឹងប្រវត្តិតស៊ូយ៉ាងស្វិតស្វាញនិងល្វីងជូរចត់ ក្នុងជីវិតសិក្សាជានិស្សិតរបស់ ថ្នាក់ដឹកនាំសាកលវិទ្យាល័យ និងសហការី ប្រវត្តិតស៊ូជំនះការលំបាកសព្វបែបយ៉ាងក្នុងការកសាង អភិវឌ្ឍសាកលវិទ្យាល័យធនធានមនុស្ស និង ក្នុងបេសកកម្មបណ្តុះបណ្តាលធនធានមនុស្ស រហូតធ្វើឲ្យសាកលវិទ្យាល័យធនធានមនុស្សក្លាយជាសាកលវិទ្យាល័យ មួយដ៏ល្បី មានភាពរឹងមាំ ទាំងមានធនធានសម្ភាររូបវន្ត និងបរិក្ខា ទាំងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងមានកម្មវិធីសិក្សាល្អ ដែលធានាបាននូវនិរន្តរភាពនិងគុណភាពអប់រំ និងមានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ។ ​

ការលើកឡើងពីប្រវត្តិតស៊ូជាកូនកសិករក្រីក្រ និងភាពជោគជ័យរបស់ឯកឧត្តម វាជាសារមួយ ជូនដល់ប្អូនៗនិស្សិតដែលកំពុងសិក្សា កំពុងស្វែងរកអនាគតនិងភាពជោគជ័យក្នុងជីវិតសិក្សា និងការងារ នាពេលខាងមុខថា៖ មានតែការតស៊ូប្តូរផ្តាច់ ការលះបង់ និងការតាំងចិត្ត ក្នុងការសិក្សាស្វែងរកចំណេះដឹង ដើម្បីឱកាសការងារ និងការចាប់យកឱកាសអភិវឌ្ឍខ្លួនជាប្រចាំទេ ដែលអាចធ្វើឲ្យប្អូនៗជោគជ័យក្នុងការងារពេញមួយជីវិតរបស់ខ្លួន។​ ឯកឧត្តមបានផ្តាំផ្ញើដល់និស្សិតឲ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការសិក្សារៀនសូត្រ ឲ្យក្លាយជាធនធានបញ្ញាដែលមានសមត្ថភាពពេលលេញ នោះធានាថាប្អូនៗមិនខ្វះការងារធ្វើ ជីវិតប្អូនៗនឹងរុងរឿង គ្រូសារនឹងរុងរឿងដោយសារការរៀនសូត្រ។ សូមកុំឲ្យផ្តេកផ្តួល ទៅតាមភាពក្រីក្រ ឬការលំបាកហើយបោះបង់ការសិក្សាទៅស្វែងរកការងារដើម្បីដោះស្រាយចំពោះមុខ។ បើប្អូនៗធ្វើបែបនោះប្អូនៗនិងជួបប្រទះបញ្ហាក្នុងជីវិតដោយមិនអាចកែបាន ប៉ុន្តែប្អូនៗត្រូវស្វែងរកឱកាសការងារក្នុងអំឡុង ពេលសិក្សា ដើម្បីទទួលបាននូវបទពិសោធន៍និងអាចយកមកផ្គត់ផ្គង់ការសិក្សាឲ្យចង់ចុងចប់ដើម។​ ប្អូនៗដាច់ខាតមិនត្រូវបោះបង់ការរៀនសូត្រ និងកុំដូរឈ្មោះខ្លួនជានិស្សិតបញ្ញាវន្តជាមួយនឹងឈ្មោះថាកម្មករ ពេលប្អូនបោះបង់ការសិក្សាប្អូននឹងគ្មានចំណេះដឹងហើយប្រាកដណាស់ប្អូននឹងត្រូវធ្វើការជាមួយកម្លាំងបាយ។ កត្តាជោគជ័យគឺបានមកដោយការប្រឹងប្រែងសិក្សាឲ្យពូកែ និងមានភាពនឹងនក្នុងការសិក្សា សិក្សានៅសាកលវិទ្យាល័យធនធានមនុស្សជាជម្រើសដ៏ត្រឹមត្រូវ ដោយយើងផ្តោតទៅលើគុណភាព ជាចម្បង ពេលបញ្ចប់ការសិក្សាប្អូនៗពិតជាមានការងារធ្វើ និងជោគជ័យក្នុងជីវិត។

បន្ថែមលើប្រសាសន៍របស់ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តមបណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការ សាកលវិទ្យាល័យធនធានមនុស្ស ក៏បានលើកឡើងពីសាកលវិទ្យាល័យ ដែលមានការទទួលស្គាល់គុណភាពអប់រំពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុងស្រុកនិងក្រៅស្រុក ដែលទាំងនេះដោយសារ គណៈគ្រប់គ្រងសាកលវិទ្យាល័យបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍសាកលវិទ្យាល័យលើគ្រប់វិស័យ តាមរយៈការអនុវត្តផែនការវិនិយោគឥតឈប់ឈរ ដើម្បីទាន់សភាពការណ៍នៃការវិវត្តិ និងការប្រកូតប្រជែង ទាំងក្នុងស្រុកនិងក្នុងតំបន់។​ រហូតមកដល់ពេលនេះសាកលវិទ្យាល័យធនធានមនុស្សមានអគារសិក្សាផ្ទាល់ខ្លួនកម្ពស់១២ជាន់ ស្មើនឹង៩២បន្ទប់ ដែលអាចទទួលនិស្សិតសិក្សាប្រហែល១០០០០នាក់ បំពាក់ដោយសម្ភាររូបវន្តនឹងបរិក្ខាទំនើបទាន់សម័យស្របតាមស្តង់ដារ គណៈគ្រប់គ្រងមានសមត្ថភាពចំណេះដឹង ខ្ពង់ខ្ពស់និងមានបទពិសោធន៍ច្រើនឆ្នាំលើវិស័យអប់រំ ធនធានសាស្រ្តាចារ្យមានគុណវុឌ្ឍិខ្ពស់ និងមានគរុកោសល្យច្បាសលាស់ កម្មវិធីសិក្សាត្រូវបានសម្រិតសម្រាំង ឲ្យកាន់តែឆ្លើយតបតាមតម្រូវការទីផ្សារការងារ។ ដើម្បីសម្រួលដល់ការស្វែងរកការងារធ្វើរបស់និស្សិត សាលានឹងរៀបចំកម្មវិធីឲ្យបានញឹកញាប់ សម្រាប់ជំនាញ​នីមួយៗ ដោយអញ្ជើញក្រុមហ៊ុនជាច្រើន មកផ្តល់យោបល់ពីតម្រូវការជំនាញនិងចំណេះដឹងសម្រាប់ការងារ ដើម្បីតម្រង់ទិសក្នុងការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលផង ពង្រីកការយល់ដឹងរបស់និស្សិតលើជំនាញរបស់ខ្លួនផង និងផ្សារភ្ជាប់ទំនាក់ទំនងឧស្សាហកម្មសហគ្រាសជាមួយនឹងការស្វែងរកឱកាសការងាររបស់និស្សិតផងដែរ។​

ឯកឧត្តម សាកលវិទ្យាធិការ ក៏បានណែនាំដល់និស្សិតថា ធ្វើជាមនុស្សត្រូវប្រកាន់តម្លៃជាមនុស្សជាធំ៖ ត្រូវមានការទទួលខុសត្រូវខ្ពស់ ត្រូវតស៊ូពុះពារប្តូរផ្តាច់ ត្រូវមានចរិតលក្ខណៈនៃការសម្របសម្រួលខ្ពស់ និងមានសិល្បៈនៃការដោះស្រាយបញ្ហាដោយឆ្លាតវៃ។ ប្អូនៗចង់ក្លាយជាមនុស្សពូកែត្រូវសែបកុបជាមួយ មនុស្សពូកែ សែបកុបមនុស្សអាក្រក់នឹងអាក្រក់តាមគ្នា។ រាល់បញ្ហាកើតមានចំពោះមុខត្រូវព្យាយាមដោះស្រាយ ដោយការតាំងចិត្តនិងតស៊ូ ដោយភាពឆ្លាតវៃមិនត្រូវគេចវេះបញ្ហាទេ មិនត្រូវរំជើបរំជួលនឹងនយោបាយ ប្រយ័ត្នរងគ្រោះដោយសារឥទ្ធិពលនយោបាយ និងខកឱកាសសិក្សាកសាងអនាគតរបស់ខ្លួន។  ត្រូវតាំងចិត្តជាបុគ្គលមិនខ្ជិលច្រអូស កុំឲ្យភាពខ្ជិលច្រអូសក្លាយជាទម្លាប់ ដែលនាំមកនូវភាពបរាជ័យក្នុងជីវិត ត្រូវក្រលែកមើលគំរូអ្នកមាន គេមានប្រាកដជាគេមានលក្ខណៈពិសេសអ្វីមួយ អ្នកមានមិនមែនដោយចៃដន្យទេ ប៉ុន្តែគេខំប្រឹងនិងគ្មានពេលទំនេទេ។ ឯកឧត្តមសាកលវិទ្យាធិការ ក៏បានផ្តល់ អនុសាសន៍ពាក់ព័ន្ធនឹងបញ្ហាផ្សេងៗជាច្រើនទៀត ដែលជាសារសម្រាប់ប្អូនៗ យកទៅពិចារណា ក្នុងការតម្រង់ទិសដៅនៃជីវិតសិក្សា និងអនាគតរបស់ខ្លួន។

ពិធីសំណេះសំណាលនេះពិតជាមានអត្ថន័យដ៏ធំធេងក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ ដ៏មានតម្លៃ និងជាប្រទិបបង្ហាញផ្លូវសម្រាប់ការត្រិះរិះពិចារណា និងបណ្តុះនូវឆន្ទៈស្មារតី របស់ប្អូនៗនិស្សិត ដើម្បីកែលម្អនិងអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរឡើង និងក៏ជាផ្នែកមួយក្នុងការផ្តល់ទំនុកចិត្ត ដល់ប្អូនៗនិស្សិតដែលសិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស។

ពិធីសំណេះសំណាលនេះបានបញ្ចប់ទៅនៅវេលាម៉ោង ៧:៣០នាទីយប់ ប្រកបដោយបរិយាកាស រីករាយនិងស្និទ្ធស្នាល។

 

Mode of Study

Monday to Friday

Consists of three groups:

  • Morning
    07:30 am - 10:30 am
    English Extra Time
    10:30 am - 11:30 am
  • Afternoon
    01:00 pm - 04:00 pm
    English Extra Time
    04:00 pm - 05:00 pm
  • Evening
    05:30 pm - 08:30 pm

Saturday & Sunday

Consists of one group:

  • 07:00 am - 11:50 am  
    01:30 pm - 04:30 pm

Study Program

  • English
  • Management
  • Marketing
  • Finance and Banking
  • Hotel & Tourism Mgt.
  • Economics and Finance
  • Accounting and Finance
  • Accounting and Audition
  • Accounting and Taxation

Find out more